លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ខេត្តតាកែវ និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន០២គ្រួសារស្មើនឹង៨.០០០.០០០៛(ប្រាំបីលានរៀល) គ្រួសារទី១-ប្រគល់ថវិកាចំនួន២.០០០.០០០៛(ពីរលានរៀន) ជូនដល់លោកអនុសេនីយ៍ឯក គង់ កុសល មន្ត្រី អធិការដ្ឋាននគរបាលស្រុកសំរោង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលត្រូវជាស្វាមីសពលោកស្រី សៀន ផាន បានទទួលមរណៈភាពកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដោយជម្ងឺកូវីដ-១៩(COVID-19)។ គ្រួសារទី២-ប្រគល់ថវិកាចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល) ជូនដល់លោកស្រី ប៉ុល សុគន្ធា ត្រូវជាភរិយាសពលោកអនុសេនីយ៍ឯក ស៊ឹម ថុល នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាក្នុង អធិការដ្ឋាននគរបាលក្រុងដូនកែវ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដោយជម្ងឺ(រោគាពាធ) ស្ថិតនៅភូមិអូរស្វាចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការអាឡោះអាល័យ សោកស្តាយ ចំពោះការបាត់បង់ស្វាមី និងភរិយាដ៏ល្អ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ។ដោយ កញ្ញា អ៊ូ ម៉ារឌីរតនះ











